មុននេះ​លោក​វេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធាន​មន្ទីរសុខាភិបាល ខេត្តត្បូងឃ្មុំ បានថ្លែង​ប្រាប់ Fresh News ថា បុរស​នោះ​បាន​ស្លាប់​ដោយសារ​ខ្យល់គរ មិន​មែន​ស្លាប់​ដោយសារ COVID-19 ឡើយ។ “វេលាម៉ោងប្រហែល៧៖៣០យប់មិញ អំឡុងពេលធ្វើចត្តាឡីស័កបាន ៣ថ្ងៃជាមួយនឹងអ្នកធ្វើចត្តាឡីស័កចំនួន១០នាក់។ មន្ត្រីជំនាញបានចុះទៅធ្វើកោសល្យវិច្ច័យសាកសពបុរសខាងលើហើយសន្និដ្ឋានថា គាត់ស្លាប់ដោយសារខ្យល់គរ ខណៈមុនពេលស្លាប់ បុរសរូបនេះបានប្រើថ្នាំផ្តាសាយ​យកមកលេបផងដែរ”។
ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងបន្ថែមថា បុរសជនជាតិខ្មែរនេះ គឺជាអ្នកឆ្លងដែនតាមផ្លូវគោកមកពីម៉ាឡេស៊ី ដោយធ្វើដំណើរឆ្លងកាត់ប្រទេសថៃ មុនចូលមកដល់កម្ពុជាវិញ។ ពេល​មក​ដល់​កម្ពុជា បុរស​នោះ​តម្រូវឲ្យធ្វើចត្តាឡីស័កនៅក្នុងអនុវិទ្យាល័យស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
ដោយ​ឡែក​លោក​ជំទាវ ឱ វណ្ណឌីន អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​វិញ មិន​បាន​បញ្ជាក់​បន្ថែម​ពី​មូលហេតុ​នាំ​ឲ្យ​បុរសខាង​លើ​ស្លាប់​នោះ​ទេ ដោយ​លោក​ជំទាវ​ឆ្លើយ​តប​ថា “ខ្ញុំ​ឃើញ​ខាង​មន្ទីរ​សុខាភិបាល​ឆ្លើយ​ជូន​អ្នក​សារព័ត៌មាន​ហើយ។ បើខ្ញុំមាន​ព័ត៌មាន​បន្ថែម ខ្ញុំ​នឹង​ជម្រាប​ជូន​ទៀត”។