ដើម្បីបុព្វហេតុជាតិ នៅថ្ងៃនេះ (ថ្ងៃទី២ ខែធ្នូ) ឆ្នាំ១៩៧៨ អតីតយុវជនកម្ពុជាដែលប្រឈមមុខនឹងការសម្លាប់រង្គាល ការបំផ្លិចបំផ្លាញប្រទេសស្ទើរតែទាំងស្រុង បានយកជីវិតជាដើមទុនក្រោកឡើងតស៊ូរំដោះ ដើម្បីសង្គ្រោះប្រជាជនកម្ពុជា ឲ្យរួចផុតពីនរកអវិចីនៃរបបប្រល័យពូជសាសន៍ខ្មែរក្រហម ដោយឈរលើស្មារតីសាមគ្គីភាព។ ថ្ងៃនេះ សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា ដែលជាអ្នកបន្តវេនស្មារតី ២ ធ្នូ សូមរំលឹកឡើងវិញនូវគំរូវីរភាពដ៏អង់អាចក្លាហានរបស់អតីតយុវជនយើង និងសូមចូលរួមអបអរសាទរខួបលើកទី៤២ នៃថ្ងៃកំណើតសមាគមយុវជនសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបច្ចុប្បន្នមានឈ្មោះថា សហភាពសហព័ន្ធយុវជនកម្ពុជា ។
ក្នុងដំណើរ ៤២ឆ្នាំ របស់ខ្លួន សមាជិក សមាជិកា នៃសមាគមយុវជនសាមគ្គីសង្គ្រោះជាតិកម្ពុជា សមាគមយុវជនកម្ពុជា និងសហភាពសហព័ន្ធយុវជនកម្ពុជា បានចូលរួមយ៉ាងសកម្មក្នុងការរំដោះប្រទេសចេញពីជ្រោះមរណៈការស្វែងរក និងរក្សាសន្តិភាព ស្ថិរភាព ព្រមទាំងការស្តារ និងកសាងឡើងវិញនៃព្រះរាជាណាចក្រកម្ពុជាតែមួយក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ រហូតសម្រេចបាននូវសមិទ្ធផលជាផ្លែផ្កាដ៏ធំធេងជាបន្តបន្ទាប់។ ដោយតម្កល់ស្មារតី ២ ធ្នូ ពោលគឺការរួបរួមសាមគ្គីភាពជាធ្លុងមួយ ការលះបង់កម្លាំងកាយចិត្តមិនចេះនឿយណាយ ជាមួយសមត្ថភាពចំណេះដឹងថ្មីៗ និងបច្ចេកវិទ្យាទំនើប ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា នឹងបន្តមាគ៌ាដ៏ខ្ពង់ខ្ពស់នេះជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការងារសង្គម និងមនុស្សធម៌នានា ដើម្បីជាឧត្តមប្រយោជន៍ វឌ្ឍនភាព និងកិត្យានុភាពកម្ពុជា។ ក្នុងន័យនេះ ក្នុងដំណាក់កាលចុងក្រោយនៃការរីករាលដាលនៃជំងឺកូវដ-១៩ ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជាទូទាំងប្រទេស បាន និងកំពុងរួបរួមគ្នាជាធ្លុងមួយ ខិតខំ ទាំងកម្លាំងកាយ ចិត្ត សម្ភារៈ និងតាមរយៈគ្រប់រូបភាព ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា។
ក្នុងឱកាសខួប ៤២ឆ្នាំ នេះ សហភាពសហព័ន្ធយុវជនកម្ពុជា សូមថ្លែងអំណរគុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅ អំពីការហ៊ានលះបង់សុភមង្គល អាយុជីវិតរបស់យុវជនកាលពី៤២ឆ្នាំមុន ដើម្បីប្រយោជន៍រួមរបស់ប្រជាជាតិទាំងមូល ក៏ដូចជាបានផ្តល់ឲ្យយុវជនជំនាន់ក្រោយនូវឱកាសអប់រំ ការងារ កិត្តិយស ព្រមទាំងភាពសុខដុមរមនា ឲ្យកាន់តែល្អប្រសើរឡើង។ សហភាពសហព័ន្ធយុវជនកម្ពុជា សូមអំពាវនាវដល់យុវជនទាំងអស់ ចូលរួមគិតរួមធ្វើ រួមទទួលខុសត្រូវចំពោះជោគវាសនាជាតិ ដើម្បីភាពរុងរឿង ថ្កុំថ្កើងជាដរាបនៃមាតុភូមិកម្ពុជាជាទីស្នេហានៃយើងនិងជាពិសេសក្នុងបរិបទនៃជំងឺកូវីដ ១៩ សូមយុវជនទូទៅ និងប្រជាជនកម្ពុជាគ្រប់រូប អត់ធ្មត់ ស៊ូទ្រាំ និងបន្តស្មារតីរួមសាមគ្គីគ្នា ចូលរួមសហការ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ស្របតាមអនុសាសន៍ណែនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឆ្លងផុតគ្រាលំបាកនេះជាមួយគ្នានេះ។


































































