ព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមប្រឹក្សាឃុំ នៃឃុំដំរិល បានចុះពិនិត្យមើលការសាងសង់ផ្លូវបេតុង ១ខ្សែ ស្មើនឹង ៤៨០ម៉ែត្រ នៅភូមិខ្នប់ដំរីជើង និងភូមិខ្នប់ដំរីត្បូង ដែលជាថវិកាអភិវឌ្ឍន៍ឃុំដំរិល។

ការការពារ និងស្មារតីចូលរួមថែរក្សារាល់សមិទ្ធិផលដែលបានកើតឡើងនៅក្នុងឃុំ គឺជាកិច្ចការចាំបាច់បំផុត ព្រោះថាសមិទ្ធិផលទាំងអស់នេះ គឺបានកើតឡើងពីការយកចិត្តទុកថ្នាក់របស់ថ្នាក់ដឹកនាំស្រុក ដែលមានលោក ងួន ប៊ុណ្ណាន ជាអភិបាលស្រុក ដឹកនាំសម្របសម្រួលដល់ឃុំទាំង ៧ នៅក្នុងមូលដ្ឋាន ពិសេសក្រុមប្រឹក្សាឃុំដំរិល ឆ្លើយតបនឹងសំណូមពររបស់ប្រជាពលរដ្ឋចំពោះអាជ្ញាធរស្រុក និងឃុំ។ នេះជាការលើកឡើងរបស់គណៈអភិបាលស្រុក នៅពេលជួបជាមួយបងប្អូនប្រជាពលរដ្ឋក្នុងស្រុក។ លោកបានបន្ថែមថា អាជ្ញាធរស្រុកបានដាក់ទិសដៅលើផ្លូវអទិភាពសំខាន់ៗ ជាពិសេសលើផ្លូវដែលមានកាលំបាកហើយប្រជាពលរដ្ឋធ្វើចរាចរណ៍ច្រើន ។ ចំពោះមុខប្រជាពលរដ្ឋទូទៅដែលបានចូលរួមពិធីនានា ពិសេសពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធិផល ផ្នែកហេដ្ឋារចនាសម្ព័ន្ធទូទាំងស្រុកអូររាំងឪ។ ឆាប់ៗខាងមុខនេះ ប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុក ក៏ដូចជាប្រជាពលរដ្ឋទូទៅដែលធ្វើដំណើរឆ្លងកាត់ នឹងទទួលបានផ្លូវល្អ ស្អាត មានគុណភាព និងងាយស្រួលក្នុងការធ្វើដំណើរ។


ប្រជាពលរដ្ឋសប្បាយរីករាយ និងថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន អាជ្ញាធរស្រុក-ឃុំ ដែលបានផ្តល់ផ្លូវកៅស៊ូ និងបេតុងខ្វាត់ខ្វែងនៅគ្រប់ទីកន្លែង ពិសេសនៅតំបន់នេះផ្ទាល់ ដែលកន្លងមកផ្លូវនេះមានការលំបាកខ្លាំង (នៅតំបន់ខ្លះនៃស្រុកអូររាំងឪ ប្រជាពលរដ្ឋបានបញ្ជាក់ថា សូម្បីតែយល់សប្តក៏មិនហ៊ានផង ថាបានផ្លូវកៅស៊ូ និងភ្លើងអគ្គីសនីប្រើប្រាស់ដូចសព្វថ្ងៃ)។ នេះជាការយកចិត្តទុកដាក់ដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់មូលដ្ឋាន លោក ងួន ប៊ុណ្ណាន អភិបាល នៃគណៈអភិបាលស្រុកអូររាំងឪ បានស្ថាបនា និងជួសជុលផ្លូវជាច្រើនខ្សែសម្រាប់ឱ្យប្រជាជនងាយស្រួលក្នុងការធ្វើដំណើរឆ្លងកាត់។ ហើយនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ផ្លូវបេតុងត្រូវបានកំណត់ជាអទិភាពនៅក្នុងគម្រោងសាងសង់ផ្លូវស្ទើរគ្រប់ទីកន្លែងនៅទូទាំងស្រុក។ ការស្ថាបនាផ្លូវត្រូវបានផ្តោតសំខាន់យ៉ាងខ្លាំងទៅលើគុណភាព អាយុកាលនៃផ្លូវ ផ្គួបផ្សំជាមួយនឹងការចំណាយទាំងពេលវេលា និងថវិការរបស់រដ្ឋជាមួយគ្នាផងដែរ។



សូមបញ្ជាក់ថា៖ កំណាត់ផ្លូវមួយខ្សែនេះ ស្ថិតនៅក្នុងឃុំដំរិល ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ផ្លូវនេះចូលរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនៅតំបន់ ព្រមទាំងការដឹកជញ្ជូនកាន់តែប្រសើរមួយកម្រិតទៀត សំដៅដល់ការពង្រីកសក្ដានុពលសេដ្ឋកិច្ចថែមទៀតផងដែរ។
លោកអភិបាលស្រុកក៏បានសំណូមមពរឱ្យប្រជាពលរដ្ឋទាំងអស់ សូមមេត្តានាំគ្នាចូលរួមថែរក្សាការពារ នូវរាល់សមិទ្ធិផលទាំងចាស់ និងថ្មី របស់រាជរដ្ឋាភិបាលដែលបានផ្តល់ឱ្យ ដើម្បីប្រើប្រាស់បានយូរអង្វែង និងជាប្រយោជន៍ដល់កូនចៅជំនាន់ក្រោយ។
*គួរបញ្ជាក់ដែរថាឃុំដំរិល ជាឃុំមួយក្នុងចំណោមឃុំទាំង ៧នៃស្រុកអូររាំងឪដែលមានព្រំប្រទល់៖
-ខាងជើង ជាប់ឃុំជីគរ ស្រុកត្បូងឃ្មុំ
-ខាងកើត ជាប់ឃុំដូនតី ស្រុកពញាក្រែក
-ខាងលិច ជាប់ឃុំទួលសូភី និងឃុំចក ស្រុកអូររាំងឪ
-ខាងត្បូង ជាប់ឃុំចក ស្រុកអូររាំងឪ
អនុស្សាវរីយ៍ស្រុកអូររាំងឪ